រឿងនេះ, ខ្ញុំបានដកស្រង់ពីអត្ថបទ មួយផ្សេងទៀត ដែលខ្ញុំបានជួបប្រទះដោយចៃដន្ត។

[…] កំពុងអង្គុយនិយាយគ្នា ជាមួយបងខ្ញុំសុខៗ ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើង ។ ខ្ញុំរត់ទៅទទួលទូរស័ព្ទ… ស្របពេលរត់ទៅជិតដល់កន្លែងដាក់បញ្ចូលថ្មទូរស័ព្ទហើយ ស្រាប់តែភ្លើងដាច់ងងឹតឈឹង ។ ខ្ញុំបើកភ្នែកធំៗ ព្រោះផ្ទៃបន្ទប់ទាំងមូលពោរពេញទៅដោយភាពខ្មៅងងឹត គឺមានតែភ្លើងទូរស័ព្ទ ដែលកំពុងរោទិ៍នៅឆ្ងាយពីដៃរបស់ខ្ញុំតែប៉ុណ្ណោះ ។ ក្រោយពីដឹងថាភ្លើងដាច់ ខ្ញុំមានអារម្មណ៍ថាទូរស័ព្ទរបស់ខ្ញុំ ដូចជាចម្លែកខុសពីថ្ងៃធម្មតា ។ វារោទិ៍រហូតអត់ដាច់សោះ…!

បន្ទាប់ពីគិតចប់ ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំខ្លាចនោះបាននឹងចូលមកដល់ហើយ … ម៉ែអើយម៉ែ! ព្រឺឆ្អឹងខ្នងណាស់ ម៉ែអើយ! បន្តិចក្រោយមក ពេលខ្ញុំដើរ ទៅ ដល់ កន្លែងបញ្ចូលថ្មទូរស័ព្ទនោះ ទូរស័ព្ទរបស់ខ្ញុំក៏ឈប់រោទិ៍ តែ ខ្ញុំ មិន បាន លើក វា មើល ទេ ព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះ។ ខ្ញុំប្រុង នឹងដើរចេញ មក អង្គុយ និយាយ បន្ត ទៀត ស្រាប់តែសំឡេងទូរស័ព្ទរបស់ខ្ញុំ បានរោទិ៍ម្តងទៀត។ ពេលនេះហើយ ជា ពេល ដែល ធ្វើអោយខ្ញុំលោះព្រលឹងអស់រលីង ព្រោះសំឡេងទូរស័ព្ទរបស់ខ្ញុំ ឮយ៉ាង ចម្លែក ណាស់ គឺចំលែកខុសពីថ្ងៃធម្មតា… មិនដឹងថាមូលហេតុអី្វទេ? បទចម្រៀងដែល នៅ ក្នុង ទូរស័ព្ទរបស់ខ្ញុំបានដូរ… តែអ្វីដែលគួរអោយរន្ធត់នោះ គឺបទនៅក្នុងទូរស័ព្ទ របស់ខ្ញុំ នេះ ជាបទដង្ហែរខ្មោចទៅវិញ? ពេលនោះខ្ញុំសម្រេចចិត្តនឹងទទួលទូរស័ព្ទមកនិយាយ តែអ្វីដែលគួរអោយព្រឺទៅទៀតនោះ គឺមានដៃមួយចាប់ដៃរបស់ខ្ញុំជាប់។

ខ្ញុំខំប្រឹងយ៉ាងណា ក៏មិនអាចដកដៃចេញ ពីដៃដ៏សែនចម្លែកនោះបានដែរ ។ តែខ្ញុំឆ្ងល់ណាស់! គឺឆ្ងល់ត្រង់ថា បើវាជាដៃរបស់បងស្រីរបស់ខ្ញុំ ហេតុអីបានជាមិនឃើញខ្លួនរបស់គាត់ ម៉េចក៏ឃើញតែដៃទទេបែបនេះ ?

គិតមកដល់ត្រឹមនេះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ…. ខ្ញុំខំស្រែកអោយបងខ្ញុំ ជួយ តែ គាត់បែរជាខ្លាចជាងខ្ញុំទៅទៀត! ដោយធ្វើយ៉ាងណា ក៏មិនអាចដកដៃរបស់ខ្ញុំ ចេញពីដៃនេះបាន ខ្ញុំបានសំរេចចិត្តសួរទៅថា៖

«តើអ្នកចង់បានអ្វីពីខ្ញុំ? ហើយមានការអី ម្តេចមិនឆាប់និយាយមក?»

«ទេ! ខ្ញុំមិនចង់បានអ្វីពីឯងទេ! តែខ្ញុំមកនេះ គឺចង់អោយឯងជួយ យកសាកសព របស់ ខ្ញុំ ចេញ ពីផ្នូរ ហើយយកមកសំអាតឲ្យផង ព្រោះវាកខ្វក់ណាស់…»

ក្រោយពីបានឮដូច្នេះ ខ្ញុំក៏ដួលសន្លប់លែងដឹងខ្លួន តាំងពីពេលនោះទៅ។…

ពេលខ្ញុំដឹងខ្លួនឡើង វិញ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំឃើញ ឪពុកម្តាយនិងសាច់ញាតិរបស់ខ្ញុំ នាំគ្នាមកអង្គុយទ្រហោយំគ្រប់ៗគ្នា។

« ហេតុអីបានជាអ្នកទាំងអស់គ្នា នាំគ្នាយំយ៉ាងនេះ? នរណាគេកើតអីមែនទេម៉ាក់?» ខ្ញុំសួរទៅម្តាយដោយងឿងឆ្ងល់។

«កូនឯងហ្នឹងហើយ! ប៉ាម៉ាក់ស្មានថា កូនទៅចោលប៉ាម៉ាក់ហើយតើ!… ដឹងទេថាកូនសន្លប់ពីរយប់ពីរថ្ងៃហើយ !?»

«ពីរយប់ពីរថ្ងៃ ?!!!…» ខ្ញុំឧទាន ដោយភ្ញាក់ផ្អើល ហើយនឹកភ្នកទៅដល់រឿង ដែល បានកើតឡើងពីរថ្ងៃមុន។

«ទេ! កូនអត់អីទេ! កុំព្រួយអី…» ខ្ញុំ និយាយកម្លាចិត្ត ហើយឱនទៅឱបម្តាយ ដើម្បីបំបាត់ភាពភ័យខ្លាច ដែលកំពុងដិតជាប់នៅក្នុងអារម្មណ៍នៅឡើយ។ អ្នកម៉ាក់យកដៃអង្អែលសក់ខ្ញុំថ្នមៗ ដោយក្តីស្រឡាញ់ និងហួងហែង។ ខ្ញុំដកដង្ហើមធំ នឹងរឿងដែលបានជួបប្រទះ នៅយប់នោះ ហើយបន្តិចក្រោយមក ខ្ញុំក្រឡេកទៅមើលរូបថតធំមួយរបស់ខ្ញុំ ដែលព្យួរនៅលើជញ្ជាំងក្បែរនោះ។ រំពេចនោះស្រាប់តែលេចចេញរូបភាព ខ្មោចនោះបក់ដៃឲ្យខ្ញុំទៅជាមួយគេ ! ពេលនោះខ្ញុំស្រែកឡើងយ៉ាងខ្លាំង! រហូតតាំងសតិលែងបាន។

« ទេ! ទេ!… ចេញទៅ !… ចេញទៅ !… ម៉ាក់ជួយកូនផង !… ម៉ាក់! គេមកយកកូនទៅហើយ!!!»
ដោយដឹងថាអារម្មណ៍របស់ខ្ញុំ នៅរវើរវាយនៅឡើយ អ្នកម៉ាក់បានឲ្យបងប្អូនខ្ញុំ ដេក កំដរ ខ្ញុំ មួយយប់ទល់ភ្លឺ ដោយខ្លាចរឿងនោះកើតមកលើខ្ញុំម្តងទៀត។

ប៉ុន្មានថ្ងៃ ក្រោយមក ខ្ញុំមានអារម្មណ៍ថា គ្រាន់បើជាងមុន ដោយបាន ដើរកំសាន្ត ខ្លះៗ នៅតាម សួនច្បារ។ តែខ្ញុំនៅតែមានការភ័យខ្លាច ព្រោះទូរស័ព្ទនៅក្នុងហោប៉ៅរបស់ខ្ញុំ មិនដឹងថា វានឹងរោទិ៍ឡើងពេលណាទៀតទេ? នេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានជួបប្រទះនឹងរឿង ដ៏គួរអោយភ័យខ្លាចបំផុត៕

និពន្ធដោយ៖ សួន សោភា(ស្រីភា)
កែសម្រួលដោយ៖ អាចម៍ផ្កាយ

Publicités